• Follow Us:
  • (+855) 85 811 808
  • info@ciwacambodia.org
Logo
  • ទំព័រដើម
  • អំពី CIWA
  • ភាសាខ្មែរ
    • English
    • ភាសាខ្មែរ
  • CIWA
  • 0 comments
  • 05.02.2026

លោកស្រី ហ៊ី សុម៉ាលី – ប្រធានក្រុមប្រឹក្សាភិបាលនៃសមាគមស្ត្រីជនជាតិដើមភាគតិចកម្ពុជា (CIWA)

លោកស្រី ហ៊ី សុម៉ាលី ជាស្រ្តីជនជាតិពូនង។ បច្ចុប្បន្នរស់នៅភូមិមានលាភ សង្កាត់សុខដុម ក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី។ ជីវិតរបស់លោកស្រីតាំងពីក្មេង បានបង្ហាញពីការតស៊ូ និងកម្លាំងចិត្តក្នុងការឆ្លងកាត់ឧបសគ្គដើម្បីសម្រេចបានការអប់រំ និងផ្លាស់ប្តូរជីវភាពខ្លួន គ្រួសារ និងសហគមន៍។

លោកស្រីចាប់ផ្តើមការសិក្សាពីឆ្នាំ ១៩៨៦ ដល់ ១៩៩០ នៅ សាលាបឋមសិក្សា សែនមនោរម្យ។ បន្ទាប់មក លោកស្រីបានបន្តការសិក្សាអនុវិទ្យាល័យចាប់ពីឆ្នាំ ១៩៩១ ដល់ ១៩៩៣ នៅ សាលាអនុវិទ្យាល័យ រស្មី៧មករា ខេត្តមណ្ឌលគិរី។ ការសិក្សាថ្នាក់អនុវិទ្យាល័យរបស់លោកស្រីមិនមែនរលូនស្រួលឡើយ ព្រោះសាលាវិទ្យាល័យនៅក្នុងខេត្តមិនមាន ហើយលោកស្រីត្រូវទៅរៀននៅភ្នំពេញ។ ទោះជាយ៉ាងណា លោកស្រីមិនដែលបោះបង់នឹងការសិក្សានោះទេ។

នៅឆ្នាំ ១៩៩៧ ដល់ ១៩៩៩ លោកស្រីបានបញ្ចប់ការបណ្តុះបណ្តាលគ្រូបឋមសិក្សា នៅ មជ្ឈមណ្ឌលគរុកោសល្យភូមិភាគខេត្តស្ទឹងត្រែង។ បន្ទាប់ពីបញ្ចប់ការបណ្តុះបណ្តាល លោកស្រីបានចាប់ផ្តើមអាជីពគ្រូបង្រៀននៅ សាលាបឋមសិក្សាមូលនិធិសង្គម។ ការងារនេះបានផ្តល់បទពិសោធន៍ដ៏មានតម្លៃក្នុងការអប់រំកុមារ និងផ្តល់ឱកាសដល់លោកស្រីក្នុងការបន្តអភិវឌ្ឍជំនាញការបង្រៀន។

នៅឆ្នាំ ២០០៦ ដល់ ២០១០ លោកស្រីបានប្តូរទិសដៅការសិក្សា ហើយបានបន្ត បរិញ្ញាប័ត្រនិតិសាស្រ្ត នៅ សកលវិទ្យាល័យចំរើនពហុបច្ចេកវិជ្ជា (CUP) ភ្នំពេញ។ ការសិក្សានៅទីក្រុងធំមិនមែនរលូនស្រួលឡើយ ស្រាប់តែមានការលំបាកខាងថវិកា និងការរស់នៅឯកោ ដោយសារតែគ្រួសាររបស់លោកស្រីនៅខេត្ត។ ទោះជាយ៉ាងណា លោកស្រីនៅតែប្រឹងប្រែងសិក្សា និងរកបទពិសោធន៍ការងារ ជាការស្ម័គ្រចិត្ត និងហាត់ការ តាមបណ្តាអង្គការនានា។ ក្នុងពេលនោះ លោកស្រីសង្ឃឹមថាជីវិតនឹងប្រសើរឡើងនៅពេលដែលមានការងារល្អ និងប្រាក់ខែសមរម្យ។

លោកស្រីបានបង្ហាញថា៖ « ក្នុងកំឡុងពេលសិក្សា ខ្ញុំបានជួបប្រទះឧបសគ្គជាច្រើន ដូចជាកង្វះខាតថវិកា មិនមានសាលាវិទ្យាល័យនៅក្នុងខេត្ត ត្រូវទៅរៀននៅភ្នំពេញ។ ដើម្បីជំនះនិងដោះស្រាយបញ្ហាទាំងអស់នោះ គឺខ្ញុំត្រូវរកលុយបណ្តើរ រៀនបណ្តើរ ។​ មុននឹងបានការងារល្អមានប្រាក់ខែ ត្រូវទៅហាត់ការ និងស្ម័គ្រចិត្តធ្វើការនៅតាមអង្គការមួយចំនួនដើម្បីយកបទពិសោធន៍។» 

បច្ចុប្បន្ននេះ លោកស្រី ធ្វើការនៅអង្គការមជ្ឈមណ្ឌលអប់រំច្បាប់សម្រាប់សហគមន៍ (CLEC)។ ក្នុងតួនាទីនេះ លោកស្រីផ្តោតលើការពង្រឹងសមត្ថភាពក្រុមប្រឹក្សាឃុំ-សង្កាត់ និងសហគមន៍ ជាពិសេសក្នុងការដោះស្រាយទំនាស់ក្រៅប្រព័ន្ធតុលាការ។ ការងាររបស់លោកស្រីស្របទៅនឹងជំនាញដែលបានសិក្សានោះ គឺផ្នែកច្បាប់។ ក្នុងការងារបច្ចុប្បន្ននេះ លោកស្រីបានជួយដោះស្រាយបញ្ហា និងទំនាស់នៅក្នុងសហគមន៍ បង្រៀនសហគមន៍ឱ្យមានជំនាញក្នុងការដោះស្រាយបញ្ហា និងជំរុញឲ្យអាជ្ញាធរមូលដ្ឋានចូលរួមដោះស្រាយទំនាស់ក្នុងសហគមន៍យ៉ាងមានប្រសិទ្ធភាព។

លោកស្រីបានបញ្ជាក់ថា មូលហេតុដែលលោកស្រីធ្វើការជួយសហគមន៍ជនជាតិដើមភាគតិច ព្រោះសហគមន៍ជនជាតិដើមភាគតិចនៅតែជាជនងាយរងគ្រោះ និងអត់មានចំណេះដឹងគ្រប់គ្រាន់អំពីសិទ្ធិ និងច្បាប់។ ពីព្រោះសហគមន៍មិនស្គាល់ពីរបៀបប្រើប្រាស់សិទ្ធិ ដើម្បីការពារទ្រព្យសម្បត្តិ និងអភិវឌ្ឍន៍សហគមន៍ គ្រប់បញ្ហារបស់សហគមន៍ជនជាតិដើមភាគតិចជាញឹកញាប់មិនត្រូវបានដោះស្រាយ ឬអន្តរាគមន៍ទាន់ពេលវេលា។

លោកស្រីសុម៉ាលីបន្ថែមថា៖ «បានជាខ្ញុំធ្វើការងារជួយសហគមន៍ ដោយសារសហគមន៍ជនជាតិដើមភាគតិចរបស់យើងគាត់ងាយរងគ្រោះ ហើយគាត់មិនសូវមានការយល់ដឹងទាក់ទងផ្នែកច្បាប់និងសិទ្ធិជនជាតិដើមភាគតិចយើងខ្លួន​ឯង ទាក់ទងនិងច្បាប់គាំទ្រគាត់ ឬក៏សិទ្ធិដែលគាត់ត្រូវមានក្នុងការប្រើប្រាស់សិទ្ធិគាត់ គឺគាត់អត់បានដឹងទេ ចឹងហើយបានយើងត្រូវធ្វើការងារជួយពួកគាត់។»

លោកស្រី ហ៊ី សុម៉ាលី គឺជាគំរូសម្រាប់ស្រ្តី និងក្មេងស្រីជនជាតិដើមភាគតិចក្នុងការតស៊ូឆ្លងកាត់ឧបសគ្គ ដើម្បីទទួលបានការអប់រំ និងកែលម្អជីវភាពគ្រួសារ។ លោកស្រីផ្តោតលើការអភិវឌ្ឍសមត្ថភាពខ្លួនឯង និងការចូលរួមក្នុងការអភិវឌ្ឍសហគមន៍ ដោយមានចំណេះដឹង ទំនុកចិត្ត និងភាពឯករាជ្យ។

លោកស្រីផ្តល់សារដ៏មានសារៈសំខាន់ដល់យុវតី និងស្រ្តីជនជាតិដើមភាគតិចថា៖ « «ខ្ញុំសូមផ្តាំផ្ញើទៅយុវតី និងស្រ្តីជនជាតិដើមភាគតិចជំនាន់ក្រោយតស៊ូ អត់ធ្មត់ ខិតខំប្រឹងប្រែងរៀនសូត្រឲ្យបានខ្ពង់ខ្ពស់ មានជំនាញច្បាស់លាស់ ចេះទាំងភាសាបរទេសឲ្យបានច្រើន ដើម្បីងាយស្រួលក្នុងការរកការងារធ្វើបានប្រាក់ខែខ្ពស់។ មួយទៀតគឺ ស្រ្តីយើងត្រូវចេះរកប្រាក់ចំណូលដោយខ្លួនឯង កុំពឹងលើប្តី ឬសង្ឃឹមថាបានប្តី ប្តីចិញ្ចឹម។» »

លោកស្រីហ៊ី សុម៉ាលី ជាស្រ្តីជនជាតិដើមគំរូសម្រាប់ស្រ្តីនិងក្មេងស្រីផ្សេងទៀតនៅក្នុងសហគមន៍ជនជាតិដើមភាគតិចដែលបង្ហាញពីការតស៊ូជំនះឧបសគ្គដើម្បីបានរៀនសូត្រផ្លាស់ប្តូរជីវភាពគ្រួសារ ផ្នត់គំនិតសហគមន៍ថា «ស្រ្តីវិលចង្រ្កានមិនជុំ» ប៉ុន្តែជំនួសមកវិញនូវភាពជាគំរូ ការកោតសរសើរ ជាស្រ្តីដែលមានចំណេះដឹង ទំនុកចិត្ត សក្តានុពល និងបង្ហាញយ៉ាងច្បាស់អំពីសមត្ថភាព និងសារៈសំខាន់នៃការចូលរួមរបស់ស្ត្រីក្នុងការអភិវឌ្ឍន៍សហគមន៍ និងសង្គមជាតិ។

Tags :

Story of Change

Share :

Leave a Reply Cancel Reply

Your email address will not be published.*

Contact Us

  • #28, St.460, Sangkat Toultumpoung 2, Khan Chamkarmon, Phnom Penh.
  • info@ciwacambodia.org
  • (+855) 85 811 808

Our Activity

  • Women Networking and Strengthening
  • Capacity building and Empowerment of indigenous women
  • Campaigning and Advocacy

Page

  • Home
  • About Us
  • Our Blog
  • Contact
Latest Blog
  • លោកស្រី រ៉ាម បូរ៉ៃ – សមាជិកក្រុមប្រឹក្សាភិបាលនៃសមាគមស្ត្រីជនជាតិដើមភាគតិចកម្ពុជា (CIWA) 05.02.2026
  • លោកស្រីរម៉ាស សារ៉ន – សមាជិកក្រុមប្រឹក្សាភិបាលនៃសមាគមស្ត្រីជនជាតិដើមភាគតិចកម្ពុជា (CIWA) 05.02.2026
  • លោកស្រី លឿន សំអឿន – សមាជិកក្រុមប្រឹក្សាភិបាលនៃសមាគមស្ត្រីជនជាតិដើមភាគតិចកម្ពុជា (CIWA) 05.02.2026
© 2025 CIWA. All rights reserved.