• Follow Us:
  • (+855) 85 811 808
  • info@ciwacambodia.org
Logo
  • ទំព័រដើម
  • អំពី CIWA
  • ភាសាខ្មែរ
    • English
    • ភាសាខ្មែរ
  • CIWA
  • 0 comments
  • 05.02.2026

លោកស្រី រ៉ាម បូរ៉ៃ – សមាជិកក្រុមប្រឹក្សាភិបាលនៃសមាគមស្ត្រីជនជាតិដើមភាគតិចកម្ពុជា (CIWA)

លោកស្រី រ៉ាម បូរ៉ៃ ជាស្ត្រីម្នាក់ក្នុងចំណោមយុវជនជនជាតិដើមភាគតិច ដែលមានចិត្តរឹងមាំ និងក្តីប្រាថ្នាចង់ឃើញសហគមន៍របស់ខ្លួនមានការអភិវឌ្ឍ។ ជីវិតរបស់លោកស្រីគឺជាគំរូនៃការខិតខំប្រឹងប្រែង ការអត់ធ្មត់ និងការប្តេជ្ញាចិត្តមិនចាញ់ឧបសគ្គ ដើម្បីឈានទៅរកជោគជ័យតាមរយៈអំណាចនៃការអប់រំ។

លោកស្រី រ៉ាម បូរ៉ៃ អាយុ៣៦ឆ្នាំរស់នៅក្នុងភូមិអណ្តាស ឃុំសាលាវិស័យ ស្រុកប្រាសាបទល្ល័ង្ក ខេត្តកំពង់ធំ ដែលជាតំបន់ជនជាតិដើមកួយរស់នៅយូរមកហើយ។ ជីវភាពគ្រួសាររបស់លោកស្រីសាមញ្ញ ប៉ុន្តែពោរពេញដោយការខិតខំ និងសុចរិតភាព។ ពីកុមារភាពតូចៗ លោកស្រីមានចិត្តស្រឡាញ់ការរៀនសូត្រ និងមានក្តីស្រមៃថា ការអប់រំនឹងជាកូនសោរមួយដែលអាចរំដោះជីវិតឱ្យរួចផុតពីភាពក្រីក្រ។

ក្នុងឆ្នាំ ១៩៩៩, លោកស្រី រ៉ាម បូរ៉ៃ បានចូលរៀននៅសាលាបឋមសិក្សាភូមិស្រែ ដែលជាសាលាតូចមួយស្ថិតនៅជិតសហគមន៍របស់លោកស្រី។ ទោះបីជាមានចម្ងាយឆ្ងាយពីផ្ទះ និងខ្វះខាតសម្ភារៈសិក្សា ប៉ុន្តែលោកស្រីមិនធ្លាប់បោះបង់ចោលការរៀនឡើយ។ បន្ទាប់មកលោកស្រីបន្តសិក្សានៅ អនុវិទ្យាល័យម្រាក (២០០៦ – –២០០៨) ហើយបញ្ចប់ថ្នាក់ មធ្យមសិក្សាទុតិយភូមិ នៅ វិទ្យាល័យប្រសាទបល្ល័ង្ក ក្នុងឆ្នាំ ២០១០។

ក្រោយពេលបញ្ចប់ថ្នាក់មធ្យមសិក្សា លោកស្រីបានសម្រេចចិត្តធ្វើដំណើរទៅរាជធានីភ្នំពេញ ដើម្បីបន្តការសិក្សាបរិញ្ញាប័ត្រនៅ សកលវិទ្យាល័យភូមិន្ទភ្នំពេញ ជំនាញ សង្គមវិទ្យា ក្នុងមហាវិទ្យាល័យសង្គមសាស្ត្រ និងមនុស្សសាស្ត្រ។ ការសិក្សានៅទីក្រុងសម្រាប់ បូរ៉ៃមិនមែនជារឿងងាយស្រួលឡើយ។ ធ្លាប់តែរស់នៅសហគមន៍មួយដែលស្ងាត់ស្ងៀម បូរ៉ៃត្រូវចូលមករស់នៅទីក្រុងធំ មានជីវិតប្លែកខ្លាំងពីអ្វីដែលធ្លាប់ស្គាល់។ ពេលដំបូង បូរ៉ៃ ត្រូវប្រឈមមុខនឹងបញ្ហាជាច្រើនដូចជា៖ ការសម្របខ្លួនក្នុងបរិបទថ្មី ការរើសអើងពីមនុស្សជុំវិញ ការលំបាករកបន្ទប់ជួល និងការបង្ហាញខ្លួននៅសាលា។

លោកស្រីរំលឹកថា៖ «ពេលឡើងមករៀននៅភ្នំពេញដំបូង គឺពិបាកណាស់សម្រាប់យើងជាជនជាតិដើមភាគតិច ព្រោះយើងមករស់នៅកន្លែងថ្មី បរិបទថ្មី ពិបាកសម្របខ្លួន ត្រូវគេរើសអើង ព្រោះយើងជាជនជាតិដើមភាគតិច។ រកបន្ទប់ជួលក៏ពិបាក មិនស្គាល់ផ្លូវទៅសាលា ហើយមិនហ៊ានជិះកង់ទៅសាលាទេព្រោះខ្លាចវង្វេង។»

ក្នុងពេលដដែលនោះ ការរស់នៅជីវភាពក៏ពិបាកណាស់។ គ្រួសាររបស់ បូរ៉ៃ មិនអាចផ្តល់ថវិកាបានគ្រប់គ្រាន់សម្រាប់ការសិក្សា និងការចំណាយប្រចាំថ្ងៃ។ ដូច្នេះ បូរ៉ៃ ត្រូវធ្វើការផងរៀនផង ដើម្បីរកប្រាក់គាំទ្រចំណាយប្រចាំថ្ងៃ និងការសិក្សា។ ទោះបីជាមានភាពនឿយហត់ និងសំពាធដល់ផ្លូវចិត្តក៏ដោយ បូរ៉ៃ មិនធ្លាប់បោះបង់ចោលក្តីសង្ឃឹមនៃការសិក្សាឡើយ។ ដោយការប្រឹងប្រែង និងភាពអត់ធ្មត់ ទីបំផុតលោកស្រីបានបញ្ចប់ការសិក្សានៅឆ្នាំ ២០១៤ ដោយជោគជ័យ។

បន្ទាប់ពីបញ្ចប់បរិញ្ញាប័ត្រ លោកស្រីបានចូលបម្រើការងារនៅ សមាគមយុវជនជនជាតិដើមភាគតិចកម្ពុជា (Cambodian Indigenous Youth Association – CIYA) ក្នុងតួនាទីជា អ្នកសម្របសម្រួលគម្រោង។​ ក្នុងតួនាទីនេះ លោកស្រីមានភារកិច្ចសំខាន់ៗច្រើនដូចជា៖ ចុះទៅសិក្សាស្រាវជ្រាវ និងប្រមូលព័ត៌មានអំពីបញ្ហានានារបស់សហគមន៍ជនជាតិដើមភាគតិច។ រៀបចំវគ្គបណ្តុះបណ្តាលអប់រំសិទ្ធិ និងការយល់ដឹងអំពីសិទ្ធិមនុស្ស សិទ្ធិស្ត្រី និងសិទ្ធិជនដើមភាគតិច។ លើកកម្ពស់សមត្ថភាពយុវជនក្នុងសហគមន៍ ដើម្បីអោយពួកគេអាចចូលរួមយ៉ាងសកម្មក្នុងការអភិវឌ្ឍសហគមន៍។ តាមរយៈការងារនេះ លោកស្រីបានទទួលបទពិសោធន៍ធំធេងក្នុងការដឹកនាំ ការទំនាក់ទំនង និងការងារជាមួយសហគមន៍។ បូរ៉ៃ បានឃើញពីស្ថានភាពពិតរបស់ស្រ្តី និងយុវជនជនជាតិដើម ដែលនៅតែប្រឈមមុខនឹងបញ្ហាច្រើនដូចជា ការអប់រំកម្រិតទាប ការរើសអើង និងការខ្វះឱកាសក្នុងការចូលរួមសង្គម។ ជាអ្នកដែលមានបទពិសោធន៍ផ្ទាល់ពីការលំបាកក្នុងជីវិត និងការសិក្សា លោកស្រី រ៉ាម បូរ៉ៃ មានទស្សនៈថា ការអប់រំជាគន្លឹះសំខាន់បំផុតសម្រាប់ការផ្លាស់ប្តូរជីវិតរបស់មនុស្ស។

លោកស្រីរ៉ាំ បូរ៉ៃផ្តាំយ៉ាងជ្រាលជ្រៅថា៖ «ខ្ញុំចង់ផ្ញើសារទៅដល់យុវជនជនជាតិដើមភាគតិចជំនាន់ក្រោយ ឱ្យពួកគាត់ខិតខំរៀនសូត្រឱ្យបានច្រើន ដើម្បីអភិវឌ្ឍសមត្ថភាពខ្លួនឯងឱ្យមានការរីកចម្រើន ពីព្រោះចំណេះដឹងវាជាស្ពានមួយធ្វើឱ្យយើងអាចផ្លាស់ប្តូរខ្លួន យើង សហគមន៍ និងសង្គមជុំវិញយើងបាន។»  

លោកស្រី រ៉ាម បូរ៉ៃ គឺជាស្ត្រីជនជាតិដើមកួយ ដែលបានបង្ហាញភាពរឹងមាំនៃចិត្ត និងកម្លាំងនៃចំណេះដឹង។ ពីជីវិតជនជាតិដើមភាគតិចសាមញ្ញមួយ បូរ៉ៃ អាចឈានទៅកាន់ជោគជ័យក្នុងការសិក្សា និងការងារ បណ្តាលអោយក្លាយជាគំរូល្អសម្រាប់យុវជនជនជាតិដើមជំនាន់ក្រោយ។ ជីវិត បូរ៉ៃ ជាភស្តុតាងបង្ហាញថា ការអប់រំអាចផ្លាស់ប្តូរជីវិតមនុស្ស និងជាឧបករណ៍ដ៏មានអំណាចសម្រាប់បំបែកច្រវាក់នៃភាពក្រីក្រ និងការរើសអើង។ លោកស្រី រ៉ាម បូរ៉ៃ គឺជាមោទនភាពមួយរបស់ស្រ្តីជនជាតិដើមកម្ពុជា ដែលបានប្រើអំណាចចំណេះដឹង ដើម្បីបំភ្លឺផ្លូវឲ្យសហគមន៍របស់លោកស្រីឆ្ពោះទៅរកអនាគតល្អប្រសើរជាងមុន។                                 

Tags :

Story of Change

Share :

Leave a Reply Cancel Reply

Your email address will not be published.*

Contact Us

  • #28, St.460, Sangkat Toultumpoung 2, Khan Chamkarmon, Phnom Penh.
  • info@ciwacambodia.org
  • (+855) 85 811 808

Our Activity

  • Women Networking and Strengthening
  • Capacity building and Empowerment of indigenous women
  • Campaigning and Advocacy

Page

  • Home
  • About Us
  • Our Blog
  • Contact
Latest Blog
  • លោកស្រី រ៉ាម បូរ៉ៃ – សមាជិកក្រុមប្រឹក្សាភិបាលនៃសមាគមស្ត្រីជនជាតិដើមភាគតិចកម្ពុជា (CIWA) 05.02.2026
  • លោកស្រីរម៉ាស សារ៉ន – សមាជិកក្រុមប្រឹក្សាភិបាលនៃសមាគមស្ត្រីជនជាតិដើមភាគតិចកម្ពុជា (CIWA) 05.02.2026
  • លោកស្រី លឿន សំអឿន – សមាជិកក្រុមប្រឹក្សាភិបាលនៃសមាគមស្ត្រីជនជាតិដើមភាគតិចកម្ពុជា (CIWA) 05.02.2026
© 2025 CIWA. All rights reserved.