• Follow Us:
  • (+855) 85 811 808
  • info@ciwacambodia.org
Logo
  • ទំព័រដើម
  • អំពី CIWA
  • ភាសាខ្មែរ
    • English
    • ភាសាខ្មែរ
  • CIWA
  • 0 comments
  • 05.02.2026

លោកស្រីរម៉ាស សារ៉ន – សមាជិកក្រុមប្រឹក្សាភិបាលនៃសមាគមស្ត្រីជនជាតិដើមភាគតិចកម្ពុជា (CIWA)

ជីវៈប្រវត្តិលោកស្រីរម៉ាស សារ៉នជនជាតិដើមភាគតិចចារ៉ាយ

នៅភាគឦសាន្តនៃប្រទេសកម្ពុជាដែលជាទឹកដីសម្បូរដោយធនធានធម្មជាតិ និងប្រពៃណីវប្បធម៌ដ៏យូរលង់មកហើយ លោកស្រីរម៉ាស់ សារ៉ន មានអាយុ ៣០ឆ្នាំ ដែលជាកូនចៅជនជាតិដើមភាគតិចចារ៉ាយរស់នៅក្នុង ភូមិតេន ឃុំយ៉ាទុង ស្រុកអូរយ៉ាដាវ​​ ខេត្តរតនគិរី។ លោកស្រីគឺជាជនជាតិដើមភាគតិចម្នាក់ដែលមានការតស៊ូ អត់ធ្មត់ ដើម្បីជំនះឧបសគ្គក្នុងជីវិត។ ពីមនុស្សម្នាក់ដែលធ្លាប់តែមានភាពស្ងៀមស្ងាត់ ទៅជាស្រ្តីម្នាក់ដែលមានសម្លេងនិងសកម្មក្នុងការចូលរួមអភិវឌ្ឍសហគមន៍ដ៏មានសក្តារនុពល។

លោកស្រី រម៉ាស់ សារ៉ន បានខិតខំសិក្សារៀនសូត្រតាំងពីបឋមសិក្សាតេន (២០០៣-២០០៨) អនុវិទ្យាល័យអូរយ៉ាដាវ (២០០៩-២០១១) រហូតដល់បញ្ចប់វិទ្យាល័យសម្តេចឪសម្តេចម៉ែ (២០១២-២០១៤)  យ៉ាងណាក៏ដោយ ក៏ផ្លូវទៅអនាគតហាក់ដូចជានៅតែលំបាករកច្រកចេញ។ ក្នុងសហគមន៍ជនជាតិដើមភាគតិចជាច្រើន ជាពិសេសសម្រាប់ស្ត្រី ឱកាសការងារ ការអភិវឌ្ឍន៍ខ្លួនឯង និងសំឡេងក្នុងការចូលរួមសម្រេចចិត្ត ជារឿយៗត្រូវបានរឹតត្បិត។ លោកស្រី សារ៉ន ក៏ធ្លាប់មានអារម្មណ៍ថា ខ្លួនឯងគ្មានតម្លៃ និងមិនដឹងថាត្រូវចាប់ផ្តើមពីណាទៅណា ដើម្បីផ្លាស់ប្តូរវាសនារបស់ខ្លួន និងគ្រួសារឡើយ។ នេះជាការលំបាកធំមួយសម្រាប់យុវតីជនជាតិដើមភាគតិចដែលទើបបញ្ចប់ការសិក្សា ក្នុងការស្វែងរកកន្លែងឈរជើងក្នុងសង្គមប្រកបដោយភាពប្រាកដប្រជា។

ប៉ុន្តែក្តីសង្ឃឹមបានចាប់ផ្តើមឡើងនៅឆ្នាំ២០១៤ នៅពេលដែលសារ៉ន បានទទួលការគាំទ្រ និងឱកាសការងារជាមួយអង្គការសមាគមខ្មែរលើខេត្តរតនគិរី (HA) ដែលជាដៃគូដ៏សំខាន់របស់សមាគមស្រ្តីជនជាតិដើមភាគតិចកម្ពុជា (CIWA) ក្នុងការលើកកម្ពស់សិទ្ធិ និងលទ្ធភាពរបស់ស្ត្រីជនជាតិដើមភាគតិច។ នេះគឺជាចំណុចនៃការចាប់ផ្តើមដ៏សំខាន់ក្នុងជីវិតរបស់លោកស្រី សារ៉ន។ ពីតួនាទីជាជំនួយការគម្រោងសម្របសម្រួលក្រុមការងារ៧ភាសា នាងបានរីកចម្រើនជាលំដាប់ រហូតក្លាយជាមន្ត្រីសម្របសម្រួលគម្រោងជាច្រើន ដូចជាការគាំទ្រទីកន្លែងស្នាក់នៅដល់សិស្សជនជាតិដើមភាគតិច ការពង្រឹងសិទ្ធិអំណាចស្ត្រីជនជាតិដើមភាគតិច ការកាត់បន្ថយការរៀបការវ័យក្មេង (២០២២-២០២៣) ចាប់តាំងពីឆ្នាំ២០២៤និងរហូតដល់បច្ចុប្បន្ននេះ សារ៉នបានក្លាយជាមន្ត្រីសម្របសម្រួលគម្រោងការធ្វើកសិកម្មបន្សាំជាមួយអាកាសធាតុ។ រាល់គម្រោងទាំងអស់នេះ មិនត្រឹមតែបានផ្តល់ឱកាសឲ្យនាងបានរៀនសូត្រប៉ុណ្ណោះទេ ថែមទាំងបានបណ្តុះស្មារតីដឹកនាំ ភាពក្លាហាន និងទំនួលខុសត្រូវក្នុងខ្លួននាងទៀតផង។

តាមរយៈបទពិសោធន៍ទាំងនេះ លោកស្រី សារ៉ន បានរកឃើញនូវសេចក្តីពិតដ៏សំខាន់ក្នុងជីវិត ដែលបានផ្លាស់ប្តូរផ្នត់គំនិត និងទស្សនៈវិស័យរបស់លោកស្រីយ៉ាងស៊ីជម្រៅ។ សារ៉នបានលើកឡើងយ៉ាងមុតមាំថា៖ «មានតែសិក្សារៀនសូត្រទេ ទើបធ្វើឱ្យមានការផ្លាស់ប្តូរជីវិតយើងបាន»។ នេះជាការពិតដែលបានជំរុញនាងឲ្យបន្តខិតខំប្រឹងប្រែងក្នុងជីវិត។ នាងបានបន្ថែមថា «ភាពអត់ធ្មត់ គឺអាចយកឈ្នះភាពលំបាកបាន» ហើយសំខាន់បំផុតគឺ «មុននឹងឲ្យគេឲ្យតម្លៃយើង យើងត្រូវឲ្យតម្លៃខ្លួនឯងសិន»។ សព្វថ្ងៃ នាងបានក្លាយជាស្ត្រីម្នាក់ដែលមានទំនុកចិត្តខ្ពស់ មានសំឡេងច្បាស់លាស់ក្នុងការចូលរួមអភិវឌ្ឍន៍សហគមន៍ខ្លួន ព្រមទាំងជាគំរូដ៏ល្អសម្រាប់យុវនារីជនជាតិដើមភាគតិចឯទៀតៗ ឲ្យក្រោកឈរឡើងប្រកបដោយមោទនភាព និងហ៊ានសុបិន្តធំ។

 លោកស្រី រម៉ាស់ សារ៉ន គឺជានិមិត្តរូបនៃការតស៊ូ និងអានុភាពនៃការអប់រំ និងការគាំទ្រពីអង្គការសង្គមស៊ីវិល។ វាជាភស្តុតាងមួយដែលបញ្ជាក់ថា ស្ត្រីជនជាតិដើមភាគតិច ក៏មានសក្តានុពលដ៏ធំធេងក្នុងការក្លាយជាភ្នាក់ងារនៃការផ្លាស់ប្តូរវិជ្ជមានសម្រាប់ខ្លួនឯង គ្រួសារ និងសហគមន៍ទាំងមូល។

Tags :

Story of Change

Share :

Leave a Reply Cancel Reply

Your email address will not be published.*

Contact Us

  • #28, St.460, Sangkat Toultumpoung 2, Khan Chamkarmon, Phnom Penh.
  • info@ciwacambodia.org
  • (+855) 85 811 808

Our Activity

  • Women Networking and Strengthening
  • Capacity building and Empowerment of indigenous women
  • Campaigning and Advocacy

Page

  • Home
  • About Us
  • Our Blog
  • Contact
Latest Blog
  • លោកស្រី រ៉ាម បូរ៉ៃ – សមាជិកក្រុមប្រឹក្សាភិបាលនៃសមាគមស្ត្រីជនជាតិដើមភាគតិចកម្ពុជា (CIWA) 05.02.2026
  • លោកស្រីរម៉ាស សារ៉ន – សមាជិកក្រុមប្រឹក្សាភិបាលនៃសមាគមស្ត្រីជនជាតិដើមភាគតិចកម្ពុជា (CIWA) 05.02.2026
  • លោកស្រី លឿន សំអឿន – សមាជិកក្រុមប្រឹក្សាភិបាលនៃសមាគមស្ត្រីជនជាតិដើមភាគតិចកម្ពុជា (CIWA) 05.02.2026
© 2025 CIWA. All rights reserved.