• Follow Us:
  • (+855) 85 811 808
  • info@ciwacambodia.org
Logo
  • ទំព័រដើម
  • អំពី CIWA
  • ភាសាខ្មែរ
    • English
    • ភាសាខ្មែរ
  • CIWA
  • 0 comments
  • 05.02.2026

លោកស្រី សយ ពិសី – អនុប្រធានក្រុមប្រឹក្សាភិបាលនៃសមាគមស្ត្រីជនជាតិដើមភាគតិចកម្ពុជា (CIWA)

សយ ពិសី ជាគំរូមួយបង្ហាញពីកម្លាំងចិត្ត និងសក្ដានុពលគ្មានដែនកំណត់របស់ស្រ្តីជនជាតិដើមភាគតិច។

នៅភូមិភ្នំស្វាយ នាទឹកដីខេត្តរតនគិរី ដែលពោរពេញទៅដោយធម្មជាតិស្រស់ត្រកាល និងវប្បធម៌ជនជាតិដើមភាគតិចដ៏សម្បូរបែបគឺជាទឹកដីកគំណើតរបស់លោកស្រី សយ ពីសី។ លោកស្រីជាកូនច្បងក្នុងចំណោមបងប្អូនបីនាក់ ដែលមានម្តាយជាស្ត្រីម៉េម៉ាយ រស់នៅយ៉ាងលំបាកតាំងពីនាងនៅបឋមសិក្សា ដោយសារតែឪពុកម្ដាយបានចែកផ្លូវគ្នា។ បន្ទាប់ពីការបែកបាក់គ្រួសារ ម្ដាយរបស់លោកស្រី បានក្លាយជាបង្គោលគ្រួសារដ៏រឹងមាំម្នាក់ ប៉ុន្តែពោរពេញដោយបន្ទុកដ៏ធ្ងន់ធ្ងរ គឺត្រូវផ្គត់ផ្គង់ ចិញ្ចឹមបីបាច់ និងបញ្ជូនកូនទាំងបីនាក់ឱ្យបន្តការសិក្សា ដើម្បីស្វែងរកអនាគតដែលល្អប្រសើរ។ ដោយមើលឃើញពីភាពនឿយហត់ និងទុក្ខលំបាករបស់ម្ដាយ ពិសី បានយល់ឃើញថា ក្នុងនាមជាកូនច្បងក្នុងគ្រួសារដែលកំពុងជួបការលំបាក មានតែការខិតខំប្រឹងប្រែងរៀនសូត្រ និងកសាងអនាគតមួយឱ្យភ្លឺស្វាងប៉ុណ្ណោះ ទើបអាចចូលរួមចំណែកជួយម្ដាយដែលកំពុងជម្នះនឹងរវិបត្តិហិរញ្ញវត្ថុ និងអាចកែប្រែជីវភាពគ្រួសារឱ្យល្អប្រសើរ។ ទោះបីជាជីវិតរបស់លោកស្រីពោរពេញដោយភាពលំបាកក៏ដោយ ក៏លោកស្រីមិនដែលបោះបង់ក្ដីសង្ឃឹមក្នុងការស្វែងរកអនាគតដ៏ភ្លឺស្វាងសម្រាប់ខ្លួនឯង និងគ្រួសារឡើយ។

ត្បិតខ្វះខាតថវិកាចំណាយលើការសិក្សា លោកស្រីបានស្វះស្វែងរកកន្លែងសិក្សាភាសាបរទេសដែលផ្ដល់អាហារូបករណ៍ និងចូលរួមការងារស្ម័គ្រចិត្តជាបន្តបន្ទាប់ ដើម្បីទទួលបានបទពិសោធន៍ និងបង្កើតទំនាក់ទំនងសង្គម។ ទីបំផុត ការតស៊ូរបស់លោកស្រីបានទទួលផល ដោយលោកស្រីបានប្រឡងប្រជែងយ៉ាងស្វិតស្វាញជាមួយជនជាតិដើមភាគតិច ៣០នាក់ផ្សេងទៀត ហើយទទួលបានឱកាសអាហារូបករណ៍កម្រិតវិទ្យាល័យទៅបន្តការសិក្សានៅប្រទេសន័រវេស៍ នៅថ្នាក់ទី១១ ពី United World College Red Cross Nordic ក្នុងឆ្នាំ២០១៤។ បន្ទាប់មក លោកស្រីក៏បន្តទទួលបានអាហារូបករណ៍សិក្សាថ្នាក់បរិញ្ញាប័ត្រផ្នែកគ្រប់គ្រងធុរកិច្ចពីសាកលវិទ្យាល័យ Methodist University នៅសហរដ្ឋអាមេរិកហើយបញ្ចប់ការសិក្សានៅឆ្នាំ២០២០។ ក្តីស្រមៃរបស់លោកស្រីគឺចង់ទទួលបានការអប់រំដែលមានគុណភាព និងបទពិសោធន៍ទំនាក់ទំនងជាមួយសិស្សានុសិស្សអន្តរជាតិ។

លោកស្រីបង្ហាញថា៖ «បានជាខ្ញុំចាប់អារម្មណ៍ទៅសិក្សានៅបរទេស ព្រោះខ្ញុំចង់ទទួលបានការសិក្សាដែលមានគុណភាព និងទទួលបានបទពិសោធន៍ ការទំនាក់ទំនងជាមួយនឹងសិស្សានុសិស្សអន្ដរជាតិដែលមកពីបណ្ដាប្រទេសផ្សេងៗ»។​

ទោះជាយ៉ាងណាក៏ដោយ ការសិក្សានៅបរទេសលោកស្រីក៏នៅតែជួបការលំបាកដែរ ជាពិសេសទាក់ទងនឹងការរស់នៅជាមួយមនុស្សចម្រុះជាតិសាសន៍ និងឧបសគ្គភាសា។ដើម្បីដោះស្រាយបញ្ហានេះ ពីសីបានបើកចិត្តទទួលយកភាពខុសគ្នា និងចែករំលែកបទពិសោធន៍ជាមួយសិស្សដ៏ទៃទៀត និងការបំពេញនូវសកម្មភាពផ្សេងៗនៅទីនោះ។ ធ្វើឱ្យពិសីក្លាយជាមនុស្សដែលមានការយល់ដឹងច្រើន និងអាចទទួលយកសង្គមបានយ៉ាងល្អ។ ការសិក្សានៅបរទេសមិនត្រឹមតែផ្ដល់ចំណេះដឹងផ្នែកសិក្សាដល់លោកស្រី សយ ពិសី ប៉ុណ្ណោះទេ ថែមទាំងបានបណ្ដុះគំនិតឱ្យលោកស្រីក្លាយជាធនធានមនុស្សដ៏មានសក្ដានុពល។

ក្រោយបញ្ចប់ការសិក្សាកម្រិតឧត្តម លោកស្រីបានសម្រេចចិត្តត្រឡប់ទៅធ្វើការនៅស្រុកកំណើត ក្នុងខេត្តរតនគិរីវិញ ព្រោះយល់ថា ខេត្តនេះកំពុងត្រូវការធនធានមនុស្សបន្ថែមទៀតដើម្បីអភិវឌ្ឍន៍។  លោកស្រី សយ ពិសីបានក្លាយជាមន្ត្រីជ្រើសរើសមូលនិធិ (Sponsorship Officer) ជាមួយអង្គការ Plan International Cambodia ចាប់ពីឆ្នាំ២០២៣ មកទល់បច្ចុប្បន្ន។ ក្នុងតួនាទីនេះ លោកស្រីបានជ្រើសរើសកុមារក្នុងសហគមន៍ដើម្បីតំណាង និងកៀងគរមូលនិធិសម្រាប់អភិវឌ្ឍសហគមន៍ ព្រមទាំងពិនិត្យតាមដានសុខុមាលភាពកុមារ និងសហការជាមួយអាជ្ញាធរក្នុងការអភិវឌ្ឍន៍ផ្សេងៗ។ មុននោះ ពិសីក៏ធ្លាប់បម្រើការជាមន្ត្រីបណ្តុះបណ្តាលបដិសណ្ឋារកិច្ចជាមួយ Swiss contact Cambodia ដែលបានជួយរៀបចំផែនការ និងបណ្តុះបណ្តាលជំនាញបដិសណ្ឋារកិច្ចដល់ប្រជាពលរដ្ឋ។

លោកស្រី សយ ពិសីផ្តាំផ្ញើរដល់យុវជនថា «សូមផ្ដោតលើការសិក្សាទាំងក្នុង និងក្រៅសាលា ចំណេះដឹងពិតប្រាកដ គឺបានមកពីការអនុវត្តជាក់ស្តែង និងការរៀនសូត្រពីបទពិសោធន៍ក្នុងសហគមន៍ផ្ទាល់។ »

 លោកស្រីបានក្លាយជាអ្នកដឹកនាំ និងជាគំរូមួយដែលនាំមកនូវការផ្លាស់ប្តូរវិជ្ជមានដល់សហគមន៍ព្រៅរបស់លោកស្រី និងសម្រាប់ជនជាតិដើមភាគតិចទាំងអស់គ្នុងប្រទេសកម្ពុជា។ យុវជនគ្រប់រូប ជាពិសេសកុមារីជនជាតិដើមភាគតិច អាចសម្រេចក្ដីស្រមៃ និងរួមចំណែកអភិវឌ្ឍសហគមន៍របស់ខ្លួនបានព្រោះ ពិសី បានត្រួសត្រាយផ្លូវដែលបង្ហាញពីអនាគតដ៏ភ្លឺស្វាងសម្រាប់មនុស្សជាច្រើនទៀត និងជាការបំផុសគំនិតដ៏អស្ចារ្យសម្រាប់អ្នកដែលកំពុងតែជម្នះនឹងឧបសគ្គក្នុងជីវិត។

Tags :

Story of Change

Share :

Leave a Reply Cancel Reply

Your email address will not be published.*

Contact Us

  • #28, St.460, Sangkat Toultumpoung 2, Khan Chamkarmon, Phnom Penh.
  • info@ciwacambodia.org
  • (+855) 85 811 808

Our Activity

  • Women Networking and Strengthening
  • Capacity building and Empowerment of indigenous women
  • Campaigning and Advocacy

Page

  • Home
  • About Us
  • Our Blog
  • Contact
Latest Blog
  • លោកស្រី រ៉ាម បូរ៉ៃ – សមាជិកក្រុមប្រឹក្សាភិបាលនៃសមាគមស្ត្រីជនជាតិដើមភាគតិចកម្ពុជា (CIWA) 05.02.2026
  • លោកស្រីរម៉ាស សារ៉ន – សមាជិកក្រុមប្រឹក្សាភិបាលនៃសមាគមស្ត្រីជនជាតិដើមភាគតិចកម្ពុជា (CIWA) 05.02.2026
  • លោកស្រី លឿន សំអឿន – សមាជិកក្រុមប្រឹក្សាភិបាលនៃសមាគមស្ត្រីជនជាតិដើមភាគតិចកម្ពុជា (CIWA) 05.02.2026
© 2025 CIWA. All rights reserved.