ការគ្រប់គ្រងដីធ្លី និងធនធានធម្មជាតិប្រកបដោយចីរភាព មិនអាចសម្រេចទៅបានឡើយ ប្រសិនបើគ្មានការចូលរួមយ៉ាងសកម្មពីសហគមន៍មូលដ្ឋាន ជាពិសេសស្ត្រីជនជាតិដើមភាគតិច ដែលជាអ្នកអាស្រ័យផលផ្ទាល់ និងជាអ្នកថែរក្សាការពារព្រៃឈើយ៉ាងស្ងៀមស្ងាត់។ ទោះជាយ៉ាងណា បញ្ហាប្រឈមធំមួយគឺការផ្សារភ្ជាប់រវាង «ការអភិរក្ស» និង «ការអភិវឌ្ឍសេដ្ឋកិច្ចមេឃគ្រួសារ»។ ដើម្បីដោះស្រាយនូវគម្លាតនេះ ដំណើរទស្សនកិច្ចសិក្សារៀនសូត្រមួយត្រូវបានរៀបចំឡើងសម្រាប់សហគមន៍គោលដៅរបស់សមាគមស្ត្រីជនជាតិដើមភាគតិចកម្ពុជា (ស.ស.ជ.ក / CIWA) នៅលើទឹកដីសហគមន៍ទេសចរណ៍ធម្មជាតិចំបក់ ក្នុងខេត្តកំពង់ស្ពឺ។
ដំណើរទស្សនកិច្ចនេះ បានក្លាយជាវេទិកាដ៏មានតម្លៃក្នុងការផ្លាស់ប្តូរបទពិសោធន៍ជាក់ស្តែង ស្វែងយល់ពីគំរូជោគជ័យនៃការរៀបចំសេដ្ឋកិច្ចសហគមន៍ និងការស្វែងរកដំណោះស្រាយចំពោះបញ្ហាប្រឈមនានា ដើម្បីពង្រឹងសាមគ្គីភាព និងភាពជាអ្នកដឹកនាំរបស់ស្ត្រី និងជនជាតិដើមភាគតិចក្នុងការការពារធនធានធម្មជាតិឱ្យបានគង់វង្សសម្រាប់មនុស្សជំនាន់ក្រោយ។
ការរៀបចំដំណើរទស្សនកិច្ចសិក្សានេះ ផ្ដោតលើគោលបំណងយុទ្ធសាស្ត្រចំនួន ៤ ដូចខាងក្រោម៖
1. ពង្រឹងភាពជាអ្នកដឹកនាំ៖ បង្កើតឱកាសសិក្សារៀនសូត្រសម្រាប់សហគមន៍គោលដៅរបស់ ស.ស.ជ.ក អំពីភាពជាអ្នកដឹកនាំ និងការគ្រប់គ្រងសហគមន៍ដីធ្លី និងធនធានធម្មជាតិប្រកបដោយចីរភាព។
2. បង្កើតបរិយាកាសផ្លាស់ប្តូរបទពិសោធន៍៖ បង្កើតលំហរជជែកពិភាក្សារវាងសហគមន៍ចម្រុះអំពីស្ថានភាពជាក់ស្តែង បញ្ហាប្រឈម ការស្វែងរកដំណោះស្រាយ និងសិល្បៈនៃការដឹកនាំសហគមន៍ក្នុងនាមជាស្ត្រី។
3. កសាងផែនការសកម្មភាពរួម៖ ពិភាក្សា និងរៀបចំផែនការពង្រឹងសហគមន៍ឱ្យមានសាមគ្គីភាពរឹងមាំក្នុងការគ្រប់គ្រងដីធ្លី និងធនធានធម្មជាតិប្រកបដោយប្រសិទ្ធភាព។
4. តភ្ជាប់បណ្តាញ និងអត្តសញ្ញាណ៖ កសាងទំនាក់ទំនង ផ្លាស់ប្តូរចំណេះដឹង ប្រពៃណី និងអត្តសញ្ញាណវប្បធម៌រវាងសហគមន៍ និងសហគមន៍ឱ្យកាន់តែស្អិតល្មួត។
សកម្មភាពគន្លឹះ និងបទពិសោធន៍ផ្ទាល់នៅសហគមន៍ចំបក់
នៅថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២៥ ក្រុមការងារសម្របសម្រួល និងតំណាងសហគមន៍ស្ត្រីជនជាតិដើមភាគតិចបានធ្វើដំណើរទៅដល់ទឹកដីសហគមន៍ចំបក់។ សកម្មភាពសិក្សាស្វែងយល់ត្រូវបានរៀបចំឡើងយ៉ាងសកម្ម និងផុសផុលបំផុត៖
ក. ការទស្សនាកិច្ចការអភិរក្ស និងការគ្រប់គ្រងទឹកជ្រោះចំបក់
សមាជិកសហគមន៍ចំបក់បាននាំផ្លូវអ្នកចូលរួមទៅទស្សនាទឹកជ្រោះ និងបានចែករំលែកពីប្រវត្តិនៃទឹកជ្រោះកម្ពស់ ៣០០ ម៉ែត្រ និងភ្នំដែលព័ទ្ធជុំវិញ។ ចំណុចគួរឱ្យកោតសរសើរបំផុតនោះគឺ «ប្រព័ន្ធគ្រប់គ្រងទឹកដោយខ្លួនឯង»។
សហគមន៍បានសហការគ្នាកសាងអាងស្តុកទឹក និងតបណ្តាញចែកចាយទឹកធ្លាក់ពីភ្នំមកប្រើប្រាស់ក្នុងភូមិដោយមិនចំណាយថវិការដ្ឋ ឬក្រុមហ៊ុនឯកជនឡើយ។ ក្នុងមួយគ្រួសារ សមាជិកបង់ថ្លៃទឹកត្រឹមតែ ១,០០០ រៀលប៉ុណ្ណោះក្នុងមួយឆ្នាំ (សម្រាប់ថ្លៃថែទាំទុយោ និងអាង) ដែលនេះបានជួយសម្រាលបន្ទុកជីវភាពប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋបានយ៉ាងច្រើនសន្ធឹកសន្ធាប់។ បន្ទាប់មក ក្រុមការងារបានបន្តទៅទស្សនាតំបន់ដីច្រោះ ដែលរងការខូចខាតដោយទឹកភ្លៀង ដើម្បីស្វែងយល់ពីផលប៉ះពាល់បរិស្ថាន និងវិធីសាស្ត្រការពារដីធ្លាក់។
ខ. ការកែច្នៃអនុផលព្រៃឈើ និងសិប្បកម្មក្នុងស្រុក
អ្នកចូលរួមបានចុះទស្សនាកន្លែងចាក់អង្កាំដៃ និងការធ្វើនំក្រឡាន ដោយបានរៀនសូត្របច្ចេកទេសផ្ទាល់ពីស្ត្រីក្នុងសហគមន៍។ សកម្មភាពនេះបានបង្ហាញពីភាពវៃឆ្លាត និងគំនិតច្នៃប្រឌិតរបស់ស្ត្រី ដែលបានយកវត្ថុធាតុដើមពីព្រៃឈើ និងធម្មជាតិដូចជា ឫស្សី គ្រាប់រុក្ខជាតិ និងដើមឈើក្នុងមូលដ្ឋាន មកកែច្នៃធ្វើជាគ្រឿងលម្អ និងអាហារសម្រន់ ដើម្បីបង្កើតប្រភពចំណូលបន្ថែមសម្រាប់គ្រួសារ និងសហគមន៍ ដោយមិនបំផ្លាញព្រៃឈើឡើយ។
គំរូគ្រប់គ្រងសេដ្ឋកិច្ចសហគមន៍របស់ «សហគមន៍ចំបក់»
ប្រធានសហគមន៍ចំបក់បានធ្វើបទបង្ហាញយ៉ាងលម្អិតអំពីប្រវត្តិនៃការតស៊ូបង្កើតសហគមន៍ រហូតទទួលបានការទទួលស្គាល់ជាផ្លូវការពីក្រសួងបរិស្ថាន។ ព្រៃសហគមន៍ត្រូវបានបែងចែកជា ៤ តំបន់យុទ្ធសាស្ត្រច្បាស់លាស់ រួមមាន៖ តំបន់ព្រៃរបោះ, តំបន់ព្រៃរិចរិល (សម្រាប់ស្តារឡើងវិញ), តំបន់ព្រៃឫស្សី និងតំបន់ព្រៃទាក់ទាញទេសចរណ៍។
សហគមន៍បានរៀបចំផែនការសកម្មភាពយុទ្ធសាស្ត្រលើ ៣ ផ្នែកធំៗ៖
ផ្នែកអភិរក្ស៖ ការរៀបចំក្រុមល្បាតព្រៃ ការដាំដើមឈើឡើងវិញ និងការស្តារព្រៃរិចរិល។
ផ្នែកសេវាកម្ម៖ សេវាកម្មស្នាក់នៅ (Homestay) សេវាកម្មម្ហូបអាហារ ក្រុមសិល្បៈរបាំប្រពៃណី សេវាកម្មនាំផ្លូវ ការដឹកជញ្ជូនទេសចរ (ដោយគោយន្តសហគមន៍) ការលក់វត្ថុអនុស្សាវរីយ៍ និងសេវាកម្មបោះតង់។
ផ្នែកហេដ្ឋារចនាសម្ព័ន្ធ និងជីវភាព៖ ការស្ថាបនាទំនប់ទឹក និងប្រឡាយ ការបណ្តុះបណ្តាលបច្ចេកទេសចិញ្ចឹមសត្វ និងដាំបន្លែដល់គ្រួសារសមាជិក និងការបង្កើតមូលនិធិសន្សំប្រាក់សម្រាប់ស្ត្រី។
រូបមន្តបែងចែកប្រាក់ចំណូល និងថវិការបស់សហគមន៍
ដើម្បីធានាតម្លាភាព និងនិរន្តរភាពហិរញ្ញវត្ថុ សហគមន៍ចំបក់បានអនុវត្តរូបមន្តបែងចែកថវិកាដែលទទួលបានពីសេវាកម្មទេសចរណ៍ និងការលក់ផលិតផលសហគមន៍យ៉ាងមានប្រសិទ្ធភាព។
ក្នុងចំណោមចំណូលសរុប ១០០% របស់សហគមន៍ ថវិកាចំណូលត្រូវបានបែងចែកដូចខាងក្រោម៖
៣០% សម្រាប់ការងារអភិរក្សព្រៃឈើ
៣០% សម្រាប់ហេដ្ឋារចនាសម្ព័ន្ធ និងអភិវឌ្ឍន៍
២៥% គាំទ្រជនក្រីក្រ និងងាយរងគ្រោះ
១៥% ការងាររដ្ឋបាល សហគមន៍
តាមរយៈយន្តការគ្រប់គ្រងដ៏រឹងមាំ និងមានតម្លាភាពនេះ សហគមន៍ចំបក់ធ្លាប់ទទួលបានពានរង្វាន់ធុរកិច្ចឆ្នើមក្នុងវិស័យទេសចរណ៍ពីប្រមុខរាជរដ្ឋាភិបាល ពានរង្វាន់អន្តរជាតិ លិខិតសរសើរ និងមេដាយពីក្រសួងបរិស្ថាន ព្រមទាំងទាក់ទាញសិស្ស និស្សិត និងតំណាងអង្គការជាតិ-អន្តរជាតិមកសិក្សាស្រាវជ្រាវយ៉ាងច្រើនកុះករ។
វេទិកាឆ្លុះបញ្ចាំង៖ សំឡេង និងការតស៊ូរបស់ស្រ្តីការពារព្រៃឈើ
នៅក្នុងវគ្គឆ្លុះបញ្ចាំង និងចែករំលែកបទពិសោធន៍ដែលសម្របសម្រួលដោយ លោកស្រី ហ្វង ចំប៉ី អ្នកចូលរួមបានបង្ហាញពីក្តីរំភើប និងការកោតសរសើរចំពោះសហគមន៍ចំបក់ ទៅលើភាពស្អាតគ្មានសម្រាម ការរៀបចំបង្គន់អនាម័យ ផ្លាកសញ្ញាបង្ហាញទិសច្បាស់លាស់ សាមគ្គីភាព និងបដិសណ្ឋារកិច្ចដ៏កក់ក្តៅរបស់គណៈកម្មការ។
រឿងរ៉ាវពិត និងការលះបង់របស់ «មីងនួន» ៖ វីរនារីការពារព្រៃឈើ
ចំណុចដែលអង្រួនចិត្ត និងបង្កប់ដោយមេរៀនជីវិតបំផុតក្នុងវគ្គពិភាក្សា គឺការចែករំលែករបស់ លោកស្រី លួន ស៊ីនួន ជនជាតិដើមកួយតំណាងសហគមន៍ព្រៃឈើ។ គាត់បានរៀបរាប់ថា សហគមន៍របស់គាត់ត្រូវបានចងក្រងឡើងតាំងពីឆ្នាំ២០០០ តាមរយៈការធ្វើកសិកម្មវិលជុំជាប្រពៃណី និងទទួលបានការទទួលស្គាល់ផ្លូវការក្នុងឆ្នាំ២០០៨។ ទោះបីជាមានច្បាប់ទទួលស្គាល់ ក៏សហគមន៍នៅតែប្រឈមនឹងការលួចឈូសឆាយដីព្រៃ ដោយសារតែបញ្ហា «ដង្កូវក្នុងសាច់» (សមាជិកសហគមន៍ខ្លួនឯងលួចលក់ដីឱ្យអ្នកក្រៅ)។
មីងនួន បានតស៊ូឡើងតុលាការរហូតដល់ទៅ ៩ ដង ដើម្បីការពារដីព្រៃពីការរំលោភបំពានពីសំណាក់ក្រុមហ៊ុនឯកជន។ បច្ចុប្បន្ន គាត់នៅតែបន្តប្រើប្រាស់ជំនឿប្រពៃណី «សែនព្រៃជំនឿ» ដើម្បីសុំបារមីជួយថែរក្សាព្រៃ ដែលធ្វើឱ្យជនខិលខូចមានការកោតក្រែង និងញញើតក្នុងការបំផ្លិចបំផ្លាញ។
មីងនួនបានរៀបរាប់ទាំងទឹកភ្នែក និងស្នាមញញឹមអំពីការលះបង់ផ្ទាល់ខ្លួន៖
«កាលពីមុន ប្តីរបស់ខ្ញុំមិនសូវគាំទ្រទេ គាត់តែងតែស្តីបន្ទោសថា មនុស្សស្រីមិនគួរដើរល្បាតព្រៃរហេតរហូត គ្មានប្រាក់ខែ ហើយថែមទាំងត្រូវចំណាយលុយផ្ទាល់ខ្លួនទៀត។ ពេលខ្ញុំត្រូវបានគេចាប់ខ្លួន និងឃុំខ្លួនព្រោះរឿងការពារព្រៃ ប្តីក៏មិនទៅជួយដោះលែងដែរ។ ប៉ុន្តែ មូលហេតុដែលខ្ញុំហ៊ានលះបង់រហូតមកដល់សព្វថ្ងៃ គឺព្រោះតែធនធានធម្មជាតិជាប្រភពជីវិត ជាអត្តសញ្ញាណ និងជាកេរមរតកសម្រាប់កូនចៅជំនាន់ក្រោយ។ ឥឡូវនេះ ខ្ញុំបានអប់រំ និងជំរុញឱ្យសមាជិកគ្រួសារ និងសាច់ញាតិទាំងអស់ចូលរួមការពារព្រៃឈើជាមួយគ្នា»។
ទន្ទឹមនឹងនេះ ក៏មានការចែករំលែកដ៏មានតម្លៃពីសហគមន៍ដីសមូហភាពភូមិសៀងសាយ, សហគមន៍អេកូទេសចរណ៍យក្សឡោម (រៀបរាប់ដោយលោក គង់ ឆើ) និងសហគមន៍ការពារធនធានធម្មជាតិជាំម្រេច ដែលបង្ហាញពីការតស៊ូស្រដៀងគ្នាក្នុងការការពារអត្តសញ្ញាណជនជាតិដើមភាគតិច។
លទ្ធផលគន្លឹះ និងផលជះជាវិជ្ជមាន
ក្រោយបញ្ចប់ដំណើរទស្សនកិច្ច លទ្ធផលជាក់ស្តែងដែលសម្រេចបានរួមមាន៖
ការយល់ដឹងកើនឡើង៖ ៧០% នៃអ្នកចូលរួមទាំងអស់ ទទួលបានចំណេះដឹង និងបទពិសោធន៍ថ្មីៗលើការដឹកនាំ និងគ្រប់គ្រងសហគមន៍ដីធ្លី និងធនធានធម្មជាតិ តាមរយៈការបង្កើតប្រព័ន្ធទ្រទ្រង់សេដ្ឋកិច្ចសហគមន៍។
ការផ្លាស់ប្តូរការយល់ដឹង៖ តំណាងមកពី ១៤ សហគមន៍ បានចែករំលែកពីស្ថានភាព និងប្រឈមរបស់ខ្លួន ហើយយ៉ាងហោចណាស់ ៧០% នៃអ្នកចូលរួមបានរៀនសូត្រពីដំណោះស្រាយរវាងគ្នាទៅវិញទៅមក។
ការធ្វើបច្ចុប្បន្នភាពផែនការ៖ ផែនការសកម្មភាពរបស់សហគមន៍នីមួយៗ និងផែនការរួមត្រូវបានកែសម្រួល ដើម្បីយកទៅអនុវត្តពង្រឹងសហគមន៍របស់ខ្លួន។
ការអនុវត្តជាក់ស្តែងភ្លាមៗ៖ ជាលទ្ធផលគួរឱ្យមោទនៈ សហគមន៍ចំនួន ២ (គឺសហគមន៍អណ្តាស និងសហគមន៍តាំងសេម្លូ) បានយកចំណេះដឹងពីទស្សនកិច្ចនេះ ទៅចែករំលែកបន្ត និងរៀបចំផែនការសកម្មភាពអភិវឌ្ឍន៍នៅក្នុងភូមិរបស់ខ្លួនរួចជាស្រេចភ្លាមៗក្រោយត្រឡប់ទៅវិញ។
មេរៀនជោគជ័យ និងបញ្ហាប្រឈមដែលរៀនសូត្របាន
តម្លៃនៃចំណេះដឹងប្រពៃណី និងអត្តសញ្ញាណ៖ ការលើកទឹកចិត្តឱ្យសហគមន៍ស្វែងយល់ និងប្រើប្រាស់ចំណេះដឹងប្រពៃណីលើការប្រើប្រាស់អនុផលព្រៃឈើ និងជំនឿសែនព្រៃ គឺជាកាតាលីករជួយឱ្យពួកគេកាន់តែសកម្មក្នុងការការពារព្រៃឈើ។
ភាពជាម្ចាស់ (Ownership)៖ ការគាំទ្រគំនិតផ្តួចផ្តើមផ្ទាល់ខ្លួនរបស់សហគមន៍ ធ្វើឱ្យពួកគេមានអារម្មណ៍ជាម្ចាស់ការ និងសកម្មលើការងារជាងការបង្គាប់បញ្ជាពីខាងក្រៅ។
ការចូលរួមរបស់បុរស៖ ក្នុងការងារអភិវឌ្ឍន៍សេដ្ឋកិច្ចសហគមន៍ (ឧទាហរណ៍៖ ការរៀបចំផែនការអាជីវកម្ម ការល្បាតព្រៃធ្ងន់ៗ) ការចូលរួមរបស់បុរសគឺពិតជាមានសារៈសំខាន់ណាស់ ដើម្បីជួយសម្រាលការងារលំបាកៗ និងបង្កើនប្រសិទ្ធភាពការងាររួមគ្នាជាមួយស្ត្រី។
រចនាសម្ព័ន្ធតែមួយ (Single Registration)៖ សហគមន៍គួរចុះបញ្ជីការគ្រប់គ្រងក្រោមគណៈកម្មការតែមួយ (ទោះជាមានទាំងផ្នែកអភិរក្ស និងទេសចរណ៍) ដើម្បីជៀសវាងការបែកបាក់សាមគ្គី ឬទំនាស់ផលប្រយោជន៍។ ការយកសមាជិកដែលធ្លាប់តែបំផ្លាញ ឬអាស្រ័យផលពីព្រៃ (ដូចជាអ្នកឃ្វាលគោ ឬរកអុសលក់) មកធ្វើជាអ្នកការពារព្រៃ និងជាមគ្គុទ្ទេសក៍ទេសចរណ៍ គឺជាយុទ្ធសាស្ត្រដ៏ជោគជ័យបំផុតក្នុងការកាត់បន្ថយបទល្មើស។
ទិសដៅបន្ត និងសេចក្តីសន្និដ្ឋាន
ដំណើរទស្សនកិច្ចសិក្សានេះ មិនត្រឹមតែបើកភ្នែក និងគំនិតរបស់សហគមន៍ស្ត្រីជនជាតិដើមភាគតិចឱ្យបានឃើញពីគំរូសេដ្ឋកិច្ចជោគជ័យរបស់សហគមន៍ចំបក់ប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបានដុតបំផុសស្មារតីតស៊ូមតិ និងផ្តល់ក្តីសង្ឃឹមយ៉ាងខ្លាំងក្លាក្នុងការការពារដីធ្លីអាស្រ័យផលរបស់ពួកគេ។
ទិសដៅបន្ទាប់៖ ក្រុមការងារសម្របសម្រួលរបស់ ស.ស.ជ.ក នឹងបន្តតាមដាន គាំទ្រ និងជំរុញការអនុវត្តផែនការសកម្មភាពរបស់សហគមន៍នីមួយៗ ដើម្បីធានាថា មេរៀនជាក់ស្តែងដែលទទួលបានពីសហគមន៍ចំបក់ ត្រូវបានយកទៅកែច្នៃ និងប្រើប្រាស់ឱ្យសមស្របទៅនឹងបរិបទជាក់ស្តែងនៃសហគមន៍រៀងៗខ្លួន សំដៅឈានទៅសម្រេចបាននូវការគ្រប់គ្រងធនធានធម្មជាតិ ដីធ្លី និងការលើកកម្ពស់ជីវភាពសហគមន៍ប្រកបដោយចីរភាព សមធម៌ និងបរិយាបន្ន។
